ប្រភេទ

Monday, January 23, 2012

ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ក្នុង​មនោរម្មណ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ

ស្វាគមន៍ចូលឆ្នាំចិន
យើង​តែង​តែ​ធា្លប់​បាន​ឮ​ពាក្យ​មួយ​ឃ្លា  ​ដែល​ប្រជា​ជន​ខ្មែរ​និយាយ​ជា​ ញឹក​ញាប់​ថា៖ «ពេល​ចូល​ឆ្នាំ​ខ្មែរ ខ្មែរ​សែន ហើយ​នៅ​ពេល​ចូល​ឆ្នាំ​ចិន​ ខ្មែរ​ក៏​សែន​ទៀត​» ឬក៏​ពាក្យ​ថា «​សែន​ចិន ស្រវឹង​ខ្មែរ​»​។ តើ​វា​ជា​ទំនៀម​ទម្លាប់​ដែល​ប្រជាជន​ខ្មែរ​ត្រូវ​តែ​ធ្វើ​ឬ? យ៉ាង​ណា​មិញ ពាក្យ​ទាំង​នេះ ស្ដាប់​ទៅ​មិន​ចម្លែក​ទេ ពី​ព្រោះ​ប្រជា​ជន​ខ្មែរ​តែង​តែ​គិត​ថា​ ប្រសិន​បើ​អ្នក​ណា​មាន​ស្បែក​សម្បុរ​សបន្ដិច ពួក​គេ​ពិត​ជា​ជន​ជាតិ​ខ្មែរ​កាត់​ចិន​។ ជនជាតិ​ខ្មែរ​កាត់​ចិន​រស់​នៅ​ប្រទេស​កម្ពុជា​  មាន​ចំនួន​ច្រើន​គួរ​ឲ្យកត់​សម្គាល់​ដែល​សឹង​តែ​ក្លាយ​ជា​របាយ​សាច់​ឈាម  ​ជាមួយ​អម្បូរ​ខ្មែរ​តែ មួយ​ទៅ​ហើយ​។ បើ​យោង​ទៅ​តាម​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​២០០៨ ​លើ​គេហ​ទំព័រ​របស់ Culturalprofile.net បាន​ឲ្យ​ដឹង​ថា​ ប្រជាជន​ចិន​ភាគ​តិច​រស់​នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រមាណ ៥​ម៉ឺន​នាក់​។​ ស្រប​​ពេល​ដែល​ឥទ្ធិ​ពល​ចិន ​បាន​កំពុង​តែ​រីក​ដុះ​ដាល​នៅ​កម្ពុជា​និង​ពិភពលោក​ទាំង​មូល យើង​សង្កេត​ឃើញ​ថា​ ការ​ប្រារព្ធ​នូវ​ប្រពៃណី​ និង​ទំនៀម​ទម្លាប់​របស់​ចិន បាន​ក្លាយ​ទៅ​ជា​ទម្លាប់​ដែល​ខ្មែរ​តែង​តែ​ប្រកាន់​ខ្ជាប់​នៅ​ក្នុង រដូវ​កាល​បុណ្យ​ទាន​ជា​ច្រើន​របស់​ចិន​ ដូច​ជា​ការ​សែន​ក្បាល​ទឹក​ ពិធី​សែន​នំ​អ៊ី សែន​នំ​ព្រះ​ខែ ​និង​ជា​ពិសេស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ជា​ដើម។​ ​វាត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិក​អធម ប្រហាក់​ប្រហែល​នឹង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ផង​ដែរ។ បច្ចុប្បន្ន​នេះ យើង​សង្កេត​ឃើញ​ថា​ ប្រជាជន​ខ្មែរ​មួយ​ចំនួន​ធំ ដែល​មិន​មែន​កាត់​ខ្សែ​ស្រឡាយ​ចិន ឬក៏​ហៅថា​ខ្មែរ​សុទ្ធ​នោះ​ ​បាន​ចាប់​ផ្តើម​អនុវត្ត​នូវ​ប្រពៃណី​របស់​ចិន​យ៉ាង​ខ្ជាប់ ខ្ជួន ដោយ​ពួក​គេ​បាន​រៀបចំ​ជា​ពិធី​សែន​ព្រេន​ដែល​មាន​ម្ហូប​អាហារ​ នំ​ចំណី​ជាដើម​​។ ជាពិសេស ពួក​គាត់​ចង់​សែន​ដូច​ជា​ជន​ជាតិ​ខ្មែរ​កាត់​ចិន​        ក្រែង​លោ​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រក​ស៊ី ​ ឬក៏​ធ្វើ​ឲ្យ​ជីវភាព​មាន​ការ​រីក​ចម្រើន​ដូច​ជា​ជន​ជាតិ​ខ្មែរ​កាត់​ចិន​ ដែរ​។ ហេតុ​ផល​មួយ​ទៀត​ គឺ​ពួក​គាត់ ​គ្រាន់​តែ​ចង់​ធ្វើ​តាម​គ្នា ​ដោយ​មើល​ឃើញ​ផ្ទះ​ក្បែរ​ខាង មិត្ដភក្ដិ ឬ​ក៏​បង​ប្អូន​សាច់​ថ្លៃ ភាគ​ច្រើន តែង​តែ​រៀបចំ​ពិធី​នេះ​ ដូច្នេះ​ពួក​គេ​ក៏​ចាប់​ផ្ដើម​អនុវត្ដ​នូវ​ទម្លាប់​ថ្មី​នេះ​ត​ៗ​រៀង​មក។ លោក​ ប៉ិច​ សុខ​នៅ ជា​អាជីវករ​មក​ពី​ខេត្ត​ម្នាក់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​មាន​គម្រោង​រៀបចំ​ពិធី​សែន​ព្រេន នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ខាង​មុខ​នេះ​។​ លោក​បាន​បញ្ជាក់​ថា ​លោក និង​ក្រុម​គ្រួសារ ជា​ជន​ជាតិ​ខ្មែរ​សុទ្ធ ប៉ុន្ដែ​លោក​តែង​តែ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ចិន​ដោយ​មាន​ជំនឿ​ថា​ វា​នឹងអាច​ជួយ​ដល់​ការ​រក​ស៊ី​របស់​លោក​ឲ្យ​មាន​ការ​រីក​ចម្រើន​។ លោក​សុខនៅ បាន​បន្ថែម​ថា៖ «ខ្ញុំ​បាន​ទៅ​រក​គ្រូ​មើល​ ហើយ​គាត់​ក៏​ឲ្យ​ខ្ញុំ​រៀប​ចំ​សែន​ដែរ​ ទោះ​បី​ខ្ញុំ​មិន​មែន​ជា​ជន​ជាតិ​ចិន​ក៏​ដោយ»។
កញ្ញា ឃុន​ នា​រតី​ បុគ្គលិក​លក់​គ្រឿង​អេឡិច​ត្រូនិក​ម្នាក់ បាន​ប្រាប់​ថា កញ្ញា​បាន​ធ្វើ​ពិធី​សែនព្រេន​​ចូល​ឆ្នាំ​ចិន​នៅ​ផ្ទះ​ខ្លួន​ឯង​អស់​រយៈ ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ ​ដោយ​សារ​កាល​ពី​មុន ​កញ្ញា​ធ្លាប់​​ទៅ​សែន​នៅ​ផ្ទះ​បង​ប្អូន​។ កញ្ញា​បាន​បន្ថែម​ថា កញ្ញា​ជា​ជន​ជាតិ​ខ្មែរ ប៉ុន្ដែ​ដោយ​សារ​មាន​បង​ប្អូន​កាត់​សែស្រឡាយ​ចិន​ខ្លះ ដែល​ពួក​គេ​ប្រកាន់​ខ្ជាប់​តៗ​មក​ រហូត​ដល់​ចាប់​ផ្តើម​រៀបចំ​ពិធី​សែន​ព្រេន​នៅ​ផ្ទះ​ខ្លួន​ឯង​តែ​ម្ដង​។ កញ្ញា​ នារតី បាន​បន្ត​ថា៖ «​ចូល​ឆ្នាំ​ចិន​ ខ្ញុំ​ក៏​សែន​ ចូល​ឆ្នាំ​ខ្មែ​រខ្ញុំ​ក៏​សែន​ ព្រោះវា​ជា​ប្រពៃណី​ និង​ជំនឿ​របស់​យើង។​ ការ​សែន​ទាំង​នេះ​ អាច​ជួយ​ឲ្យ​ខ្ញុំ​សម្រេច​ក្តី​ប្រាថ្នា​បាន​ដូច​បំណង តាម​រយៈ​ការ​ជួយ​របស់​​ដូន​តា​»។ ចំណែក​ឯ​បុរស​សម្បុរ​ខ្មៅ​ស្រអែម​មាឌ​ធំ​ដំបង​ លោក​ម៉ម រិទ្ធា​ ដែល​រស់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ បាន​ថ្លែងថា លោក​ទើប​ចាប់​ផ្ដើម​ពិធី​សែន​ព្រេន​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ចិន​តែ ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ទេ​។ លោក​បាន​ពន្យល់​ប្រាប់​ពី​មូល​ហេតុ​រៀបចំ​ពិធី​នេះ​ថា ទាំង​មិត្ដភក្ដិ​ និង​ក្រុម​គ្រួសារ​រស់​នៅ​ក្បែរ​ខាង ពួកគេ​តែង​តែ​ធ្វើ​ពិធី​សែន​ព្រេន​រៀង​រាល់​ឆ្នាំ ហើយ​ពួក​គេ​ក៏​មិន​ដែល​ខក​ខាន​ក្នុង​ការ​អញ្ជើញ​គ្រួសារ​របស់​ខ្ញុំ​ទៅ​ ចូល​រួម​ពិធី​ជប់​លៀង​ទទួល​ទាន​អាហារ​ម្ដង​ណា​ទេ​។ លោក បាន​បន្ដ​ថា​៖ «​ឃើញ​ដូច្នេះ​  ​ខ្ញុំ​ផ្ដើម​គិត​ដល់​ការ​រៀបចំ​ពិធី​សែន​នេះ​តែ​ម្ដង​។ ម្យ៉ាង​ទៀត​ ខ្ញុំ​ក៏​ចង់​អញ្ជើញ​មិត្ដភក្ដិ និង​អ្នក​រស់​នៅ​ជិត​ខាង​ មក​ទទួល​ទាន​អាហារ​ផ្ទះ​ខ្ញុំ​វិញ​ម្ដង​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​នេះ​ផង​ដែរ​​»។ ជាទូទៅ ពាក្យ​ថា ខ្មែរ​ និង​ចិន​ បាន​ក្លាយ​ជា​ភាសា​មួយ​សាមញ្ញ​ និង​បាន​ផ្សា​រភ្ជាប់​យ៉ាង​ស្អិត​ល្មួត​ទៅ​ហើយ ពីព្រោះ​ទំនៀម​ទម្លាប់​ចិន​ទាំង​នេះ​ បាន​ចាក់​ឫសគល់​យ៉ាង​ជ្រៅ​ទៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​បុរាណ​កាល ម្ល៉េះ។ ​លំហូរ​នៃ​វប្បធម៌​ សាស​នា ទំនៀម​ទម្លាប់​ប្រពៃណី​ពី​សង្គម​ខាង​ក្រៅ ​គឺ​ពិត​ជា​មិន​អាច​ជៀស​ផុត​ទេ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​នោះ​ គឺ​ការ​ទទួល​យក​មក​អនុវត្ត​តាម​ ដោយ​មិន​បាន​គិត​ពិចារណា​លើ​ចំណុច​អវិជ្ជ​មាន និង​ផល​ប៉ះ​ពាល់​របស់​វា​។ បើ​យោង​ទៅ​តាម​ប្រវត្ដិសាស្រ្ដ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​ជា​មួយ​ចិន​តាំង​ពី​សតវត្សរ៍​ទី​៣​នៅ​ពេល ​ដែល​ប្រជាជន​ចិន​ ចូល​មក​ធ្វើ​ជំនួញ​នៅ​ទី​នេះ​ហើយ​ពួក​គេ​បាន​ធ្វើ​ចំណាក​ស្រុក​​ចូល​មក​ ​ជា​បន្ត​បន្ទាប់​រហូត​ដល់​វត្តមាន​លោក​ជីវតាក្វាន់នៅ​សតវត្សរ៍ ទី​១៣​។ ​លំហូរ​ជន​ជាតិ​ចិន បាន​បន្ត​មក​ដល់​សម័យ​អង្គរ​ និង​បាន​បន្សល់​ទុក​នូវ​ពូជ​ពង្ស​ចិន​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។
លោក​ វង់​ សុធារ៉ា​ អនុ​ប្រធាន​ដេ​ប៉ាតឺម៉ង់​ប្រវត្តិ​សាស្រ្ត​ និង​ជា​ ​សាស្រ្តា​ចារ្យ​សិលា​ចារឹក​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ និង​អាស៊ី​អាគ្នេយ៍​ ​មាន​ប្រសាសន៍​​ថា៖ «ចិន​មាន​គ្រឹះ​វប្បធម៌​រឹង​មាំ​ មិន​ងាយ​​នឹង​ទទួល​យក​វប្បធម៌​បរទេស​ទេ​ដូច្នេះ​ពួក​គេ​តែង​តែ​ ប្រតិបត្តិ​អ្វី​ដែល​ជា​អត្ដ​សញ្ញាណ​របស់​ខ្លួន​ជានិច្ច»។ ​លោក​បាន​បញ្ជាក់​ថា​ ខ្មែរ​ដែល​មាន​ដូនតា​ចិន ​ហើយ​គិត​ថា​ខ្លួន​មាន​ជាប់​សែស្រឡាយ​ចិន​ ក៏​ចេះ​តែ​ប្រកាន់​ភ្ជាប់​នូវ​ទំនៀម​ទម្លាប់​របស់​ចិន​នៅ​ក្នុង​ផ្នត់ គំនិត​រៀង​រហូត​មក​។ ចំណែក​ប្រជាជន​ខ្មែរ​សុទ្ធ​មួយ​ចំនួន បាន​នាំ​គ្នា​ប្រតិបត្ដិ​តាម​ប្រពៃណី​ចិន​ ដូចជា​ការ​សែន​ព្រេន ពី​ព្រោះ​ពួក​គេ​យល់​ឃើញ​ថា​ ខ្លួន​ប្រហែល​ជា​មាន​ដូនតា​ចិន ហើយ​សែន​ទៅ​ក្រែង​លោ​ដូនតា​ជួយ​ឲ្យ​មាន​បាន​នឹង​គេ​។ លោក​បាន​បន្ថែម​ថា​៖ «ការ​ប្រកាន់​ទំនៀម​ទម្លាប់​វប្បធម៌​ដែល​មិន​មែន​ជា​របស់​ខ្លួន ​នាំ​ឲ្យ​ប៉ះពាល់​ដល់​អត្ត​សញ្ញាណ​ខ្មែរ នាំ​ឲ្យ​សង្គម​ខ្មែរ​មិន​សុទ្ធ និង​មាន​ការ​យល់​ច្រឡំ មួយ​ណា​ចិន​ មួយ​ណា​ខ្មែរ​ តែ​វា​ជា​រឿង​ធម្មតា​ទេ ព្រោះ​វប្បធម៌​តែង​តែ​ប្រែ​ប្រួល​ជានិច្ច​»។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ លោក​ប៉ូ សំណាង​ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​ និង​សិលធម៌​សង្គម​ ដែល​ធ្វើ​ការ​​លើក​តម្កើង​វប្បធម៌​ បាន​ឲ្យ​ដឹង​ថា ​ការ​សែន​ចិន​ ជា​សិទ្ធិ​របស់​ប្រជាពល​រដ្ឋ​ ព្រោះ​ច្បាប់​ខ្មែរ​មិន​បាន​ហាម​ឃាត់​ប្រជា​ជន​ក្នុង​ការ​ជ្រើស​រើស​សាសនា​ ណា​មួយ​ឡើយ ​ដូច​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ខ្មែរ​។ លោក​បាន​បន្ត​ថា ​ការ​សែន​ចិន​ វា​មិន​ប៉ះ​ពាល់​អ្វី​ទេ​ តែ​យើង​ត្រូវ​ផ្សព្វ​ផ្សាយ​វប្បធម៌​ខ្មែរ​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។ ទាក់​ទង​នឹង​អប្បិយ​ជំនឿ​នៃ​ការ​សែនព្រេន​របស់​ជនជាតិ​ចិន ​អាច​ជួយ​ឲ្យ​ពួក​គេ​មាន​ការ​រីក​ចម្រើន​ក្នុង​គ្រួសារ​ លោក​បាន​បញ្ជាក់​ថា៖ «វា​ជា​អបិ្បយ​ជំនឿ​ទេ សំខាន់​យើង​ត្រូវ​ចេះ​ជួយ​ខ្លួន​ឯង​ ដោយ​ខិត​ខំ​រកស៊ី​ បង្កើត​ជំនួញ​ដោយ​ខ្លួន​ឯង​។ ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ យើង​ត្រូវ​យល់​ និង​ស្គាល់​ពី​វប្បធម៌​ ប្រពៃណី និង​ទំនៀម​ទម្លាប់​ខ្លួន​ឲ្យ​បាន​ច្បាស់​សិន​ មុន​នឹង​ចាប់​យក​វប្បធម៌​ដទៃ​»។ លោក ក៏​បាន​ស្នើ​ថា៖ ​«ប្រជា​ពល​រដ្ឋ​ខ្មែរ​ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​លើ​ការ​ចាយ​វាយ​ យើង​ជា​ខ្មែរ​​ កុំ​ចេះ​តែ​ចំណាយ​ថវិកា​ដូច​ជន​ជាតិ​ចិន​នោះ​ទេ​»៕
ប្រភព http://www.postkhmer.com

0 comments:

Post a Comment